អ្នកណាក៏ចង់ទទួលបាននូវការងារមួយដែលល្អដែរ ប៉ុន្តែសួរថា តើយើងត្រូវធ្វើបែបណាដើម្បីអាចទទួលបាននូវការងារមួយនោះបាន? ហើយត្រូវត្រៀមនូវចំណុចអ្វីខ្លះ? ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលអាចជួយអ្នកត្រៀមខ្លួនឲ្យបានល្អ មុនពេលទទួលបានការងារមួយដ៏ល្អ៖
១. មានគោលដៅការងារច្បាស់លាស់
ជាទូទៅ នៅពេលដែលជ្រើសរើសបុគ្គលិកឲ្យចូលបម្រើការងារនៅក្នុងស្ថាប័នរបស់ខ្លួន អ្នកគ្រប់គ្រងធនធានមនុស្សភាគច្រើន តែងស្វែងរកបេក្ខជនណាដែលមានចំណង់ចំណូលចិត្ត ឬមានភាពងប់ងល់ទៅលើការធ្វើការងារនូវមុខតំណែងនោះដោយមិនមានការត្អូញត្អែរ ឬលួចខ្ជិលកំឡុងពេលធ្វើការជាដើម ជាពិសេសនោះអ្នកគ្រប់គ្រងសង្ឃឹមថា បុគ្គលិកប្រភេទនេះនឹងអាចបន្តធ្វើការនៅក្រុមហ៊ុនឲ្យបានយូរដើម្បីជួយឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនឡើងៗ។ ដូចនេះប្រសិនបើអ្នកមិនអាចបង្ហាញអំពីមូលហេតុដែលអ្នកចង់ធ្វើការនៅក្រុមហ៊ុននោះបានច្បាស់លាស់ទេ អ្នកប្រហែលជាត្រូវបានអ្នកគ្រប់គ្រងនៅក្នុងហ៊ុននោះឆូតឈ្មោះចោលក៏ថាបាន។ ដែលនេះហើយគឺជាមូលហេតុដែលអ្នកចាំបាច់ត្រូវមានគោលដៅនៃការងារមួយឲ្យបានច្បាស់លាស់។ គោលដៅនៃការងារ គឺវាគឺជាអ្វីដែលយើងចង់សម្រេចនៅពេលដែលយើងបានធ្វើការនោះ។ មួយវិញទៀតការកំណត់គោលដៅការងារជាក់លាក់ វាផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការស្វែងរកនូវអ្វីដែលអ្នកចូលចិត្តពិតប្រាកដ។
២. រៀបចំ Resume និង Cover Letter ឲ្យបានល្អ
បន្ទាប់ពីអ្នកមានគៅលដៅការងារច្បាស់លាស់ហើយ អ្នកគួរតែរៀបចំ Resume ព្រមទាំង Cover Letter របស់ឲ្យបានល្អ និងមានភាពច្បាស់ជាក់ទៅលើការងារណាមួយ ដើម្បីបង្កើនភាពទាក់ទាញ និងបង្ហាញពី ចំណេះ ជំនាញ ក៏ដូចជាសមត្ថភាពផ្សេងៗទៀតដែលអ្នកមានពាក់ព័ន្ធជាមួយនឹងការងារដែលអ្នកកំពុងតែដាក់ពាក្យនេះ។ ដូចនេះ នៅពេលដែលអ្នកសម្ភាសន៍ គាត់បានពិនិត្យមើលអំពីប្រវត្តិរូបសង្ខេប ក៏ដូចជាប្រវត្តិការងាររបស់អ្នករួចហើយ អ្នកប្រាកដជាអាចមានឱកាសជាប់ច្រើនជាងបេក្ខជនផ្សេងៗទៀត ព្រោះអ្នកដឹងហើយថា អ្វីដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកសម្ភាសន៍នាពេលដំបូងបាន គឺការរៀបចំ Resume និង Cover Letter របស់អ្នកនេះឯងឲ្យមានសោភ័ណ្ឌភាព និងភាពច្បាស់លាស់។
៣. ត្រៀមខ្លួនក្នុងការសម្ភាសន៍ការងារ
ជំហានបន្ទាប់នោះគឺ អ្នកត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ (Be Prepared)ក្នុងការសម្ភាសន៍ តាមរយៈត្រៀមសំណួរទុកសួរខ្លួនឯង ការហាត់សមឆ្លើយសំណួរ និងរៀនអំពីរបៀបនៃការបង្កើននូវភាពជឿជាក់លើខ្លួនឯងកំឡុងពេលសម្ភាសន៍។ នៅក្នុងដំណាក់នេះ អ្នកសម្ភាសន៍ គឺគាត់ចង់ដឹងអំពីរបៀបនៃការណែនាំខ្លួនរបស់អ្នក ចំណេះដឹងពាក់ព័ន្ធទៅនឹងវិស័យការងារដែលអ្នកកំពុងតែដាក់ពាក្យ ព្រមទាំងចង់ដឹងថាតើអ្នកបានសិក្សាស្រាវជ្រាវពីក្រុមហ៊ុនរបស់ពួកគេបានកម្រិតណា និងដឹងអ្វីខ្លះពីក្រុមហ៊ុនរបស់ពួកគេជាដើម។ ដូចនេះនៅខណៈពេលដែលអ្នកសម្ភាន៍ អនុញ្ញាតិឲ្យអ្នកណែនាំពីខ្លួនឯង ក្រៅពីការណែនាំឈ្មោះ ទីកន្លែងរស់នៅ គឺអ្នកគួរតែនិយាយឲ្យបានច្រើនពាក់ព័ន្ធជាមួយនឹងប្រវត្តិការងារ ចំណេះជំនាញ និងសមត្ថភាពដែលអ្នកមាន ជាពិសេសនោះ អ្នកគួរតែបន្ថែមអំពីពត៌មានរបស់ក្រុមហ៊ុនខ្លះៗដែរ ថាអ្នកស្គាល់ក្រុមហ៊ុននេះតាមរយៈអ្វី ហើយក្រុមហ៊ុនលក់ឬបម្រើសេវាកម្មអ្វីជាដើម។ អ្វីដែលអ្នកមិនត្រូវភ្លេចនោះគឺ ត្រូវបង្ហាញពីសារណាមួយដែលបង្ហាញថា អ្នកពិតជាចង់ធ្វើការងារមួយនោះ នៅក្នុងតួនាទីមួយនោះពិតមែន។
៤. បង្កើនសមត្ថភាព Soft Skills របស់អ្នក
ប្រសិនបើអ្នកមានតែជំនាញរឹងតែមួយមុខ(Hard skills) ក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរ ពោលគឺអ្នកត្រូវការជំនាញមួយទៀត ដែលហៅថាជំនាញទន់ (Soft Skills) ដោយជំនាញទន់នេះគឺផ្ដោតខ្លាំងទៅលើការណ៍ដែលអ្នកអាចគ្រប់គ្រងអារម្មណ៍ ការគិតជាចិត្តសាស្ត្រ ភាពរួសរាយ ក៏ដូចជារបៀបដែលមនុស្សទំនាក់ទំនងគ្នាជាដើម។ រវាងជំនាញទាំងពីរនេះគឺត្រូវការជាចាំបាច់ទាំងនៅកន្លែងធ្វើការ ការទំនាក់ទំនងនៅក្នុងការរស់នៅប្រចាំថ្ងៃនេះ។ ចំពោះអ្នកខ្លះ គាត់មានជំនាញរឹង គាត់ពូកែខ្លាំងទៅលើជំនាញរបស់គាត់ ប៉ុន្តែគាត់ខ្សោយក្នុងការទំនាក់ទំនង និងខ្សោយក្នុងការគ្រប់គ្រងអារម្មណ៍របស់គាត់ជាដើម តែក៏មានមនុស្សមួយចំនួនទៀតគាត់ខ្លាំងទាំងពីរជាហេតុធ្វើឲ្យគាត់មានភាពលេចធ្លោ និងទទួលបានឱកាសច្រើនជាងគេ។ ដូចនេះប្រសិនបើអ្នកកំពុងតែខ្វះខាតនូវជំនាញណាមួយ អ្នកគួរតែស្វះស្វែងបំពេញចំណុចខ្វះខាតទាំងនោះដើម្បីទទួលបានឱកាសការងារច្រើនជាងគេ។ ប៉ុន្តែសួរថា តើធ្វើយ៉ាងណាដើម្បីបង្កើនសមត្ថភាព Soft Skills របស់ខ្ញុំ?
ដូចនេះដើម្បីត្រៀមខ្លួនដើម្បីអាចទទួលបាននូវការងារដ៏ល្អបាន អ្នកគួរតែមានគោលដៅការងារច្បាស់លាស់ ដឹងថាខ្លួនឯងជំនាញអ្វីឲ្យពិតប្រាកដ រៀបចំ Resume និង Cover Letter ឲ្យបានល្អ ត្រៀមខ្លួនឲ្យរួចជាស្រេចក្នុងការសម្ភាសន៍ ព្រមទាំងព្យាយាអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុន។